ដោយ សេង ឌីណានៅពេលដែលកិច្ចចរចាបានចាប់ផ្តើមឡើងភ្លាម អ.ស.ប. និងរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវជំហរខុសគ្នាស្រឡះ ទាក់ទងនឹងសំណួរដែលថា តើតុលាការបែបណាដែលនឹងត្រូវកាត់ទោសមេដឹកនាំខ្មែរក្រហម? អ.ស.ប.ទាមទារឲ្យបង្កើតតុលាការអន្តរជាតិ។ ចំណែករាជរដ្ឋាភិបាលកម្ពុជាវិញ ទាមទារឲ្យធ្វើការកាត់ទោសខ្មែរក្រហម ក្នុងតុលាការជាតិដែលមានស្រាប់ ហើយចៅក្រម និងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ចូលរួមគ្រាន់តែជាជំនួយដល់ចៅក្រមខ្មែរតែប៉ុណ្ណោះ។
Tuesday, June 28, 2011
ភាពស្មុគស្មាញក្នុងដំណើរការចរចាបង្កើតតុលាការខ្មែរក្រហម
បើសិនជាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ត្រូវប្រគល់ទៅឲ្យតុលាការកម្ពុជា ជាអ្នកជំនុំជម្រះ បញ្ហាដែលចោទជាចម្បង គឺឯករាជ្យនៃចៅក្រមខ្មែរ។ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានគេមើលឃើញថា ស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងវិញទៀត ចៅក្រមខ្មែរភាគច្រើន គឺជាជនរងគ្រោះដោយរបបខ្មែរក្រហម។ ដូចនេះ បើសិនជាឲ្យចៅក្រមខ្មែរជាអ្នកជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺប្រៀបដូចជាឲ្យដើមបណ្តឹងរដ្ឋប្បវេណី មកធ្វើជាចៅក្រមកាត់ទោសជនល្មើសអ៊ីចឹងដែរ។
ហេតុនេះហើយបានជាអ.ស.ប.ច្រានចោលនូវសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហម នៅក្នុងតុលាការកម្ពុជា។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៩ នៅក្នុងឱកាសមហាសន្និបាតអ.ស.ប. នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ជម្រើសបី ដល់អ.ស.ប. គឺ៖
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០០ លោកកូហ្វ៊ី អាណាន់ (Kofi Annan) អគ្គលេខាធិការអ.ស.ប. បានយល់ព្រមឲ្យរៀបចំកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងតុលាការកម្ពុជា តែបានទាមទារឲ្យកម្ពុជាបំពេញតាមលក្ខខណ្ឌចំនួនបួន គឺ៖
សំណើនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាច្រានចោល ហើយការចរចាក៏ត្រូវជាប់គាំង។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០០ លោកចន ឃែរី (John Kerry) សមាជិកព្រឹទ្ធសភាអាមេរិកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ដើម្បីសម្របសម្រួល ឲ្យមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអ.ស.ប.។ ទីបំផុត កម្ពុជា និងអ.ស.ប. បានព្រមព្រៀងគ្នា លើរចនាសម្ព័ន្ធតុលាការ ដែលមានសមាសភាពចៅក្រមចម្រុះ ក៏ប៉ុន្តែ ចៅក្រមខ្មែរមានចំនួនច្រើនជាងចៅក្រមបរទេស។ ព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេត ក៏នឹងមានចៅក្រមខ្មែរនិងបរទេសចូលរួមដែរ។
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០០១ សភាជាតិកម្ពុជា បានអនុម័តជាឯកច្ឆន្ទលើច្បាប់បង្កើតតុលាការកូនកាត់ ដែលមានឈ្មោះជាផ្លូវការថា “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ទោសបទឧក្រិដ្ឋដែលត្រូវបានប្រព្រឹត្តក្រោមរបបខ្មែរក្រហម”។
ក៏ប៉ុន្តែ មកដល់ដំណាក់កាលនេះ បញ្ហាមួយទៀតបានចូលមកដល់ ដែលបណ្តាលឲ្យការចរចារវាងអ.ស.ប. និងកម្ពុជា ត្រូវជាប់គាំងម្តងទៀត នោះគឺបញ្ហាទាក់ទងនឹងការលើកលែងទោសដល់ អៀង សារី កាលពីឆ្នាំ១៩៩៦ ក្រោយពីអតីតឧបនាយករដ្ឋមន្រ្តីខ្មែរក្រហមរូបនេះបានផ្តាច់ខ្លួនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា នៅចុងឆ្នាំ២០០០ ក្រោយពេលដែលកម្ពុជាយល់ព្រមបង្កើតតុលាការចម្រុះ ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងប្រាប់ទូរទស្សន៍ជប៉ុនមួយថា អៀង សារី នឹងមិនត្រូវគេយកមកកាត់ទោស នៅក្នុងតុលាការពិសេសនេះទេ ព្រោះថា អៀង សារី ត្រូវបានព្រះមហាក្សត្រលើកលែងទោសរួចហើយ កាលពីឆ្នាំ១៩៩៦។
នៅក្នុងច្បាប់ស្តីពីការបង្កើតតុលាការខ្មែរក្រហម ដែលរដ្ឋសភាកម្ពុជាបានអនុម័ត នៅថ្ងៃទី២ មករា ឆ្នាំ២០០១ ក៏បានកម្រិតផងដែរ មិនឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ ដល់មេដឹកនាំខ្មែរក្រហមណា ដែលត្រូវបានលើកលែងទោសហើយនោះទេ។ លោក Hans Corell មន្រ្តីអ្នកច្បាប់អ.ស.ប. ដែលទទួលបន្ទុកចរចាបង្កើតតុលាការខ្មែរក្រហម ក៏បានផ្ញើលិខិតមួយច្បាប់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្តែងការជំទាស់ទៅនឹងការដាក់កម្រិតដល់ព្រះរាជអាជ្ញានេះ។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០១ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់បណ្តាញព័ត៌មានអេភី (AP) ថា អ.ស.ប.ចង់ឲ្យកម្ពុជាធ្វើអ្វីៗតាមតែខ្លួនបញ្ជា។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងផងដែរថា ប្រសិនបើអ.ស.ប.មិនពេញចិត្តនឹងច្បាប់ដែលសភាជាតិកម្ពុជាបានអនុម័តនេះទេ អ.ស.ប.អាចដកខ្លួនចេញពីដំណើរការកាត់ទោសនេះ ហើយកម្ពុជានឹងរៀបចំធ្វើតែម្នាក់ឯង។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលណោះ ជាប្រធានរដ្ឋសភាក៏បានបន្ទរតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ ហើយថែមទាំងបានលើកឡើងទៀតថា អ.ស.ប.ទទួលយក ឬមិនទទួលយកច្បាប់ដែលសភាជាតិកម្ពុជាបានអនុម័ត គឺជារឿងអ.ស.ប.។ កម្ពុជានឹងមិនចរចាជាមួយអង្គការសហប្រជាជាតិទៀតទេ។
នៅថ្ងៃទី១០ សីហា ឆ្នាំ២០០១ ព្រះបាទ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័ត ហើយដែលត្រូវបានអ.ស.ប.ជំទាស់។
ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០០២ អ.ស.ប.ក៏បានប្រកាសដកខ្លួនចេញពីការចរចាជាមួយកម្ពុជា ក្នុងការបង្កើតតុលាការកាត់ទោសខ្មែរក្រហម ហើយបានលើកឡើងទៀតថា តុលាការកម្ពុជានឹងមិនអាចធានាថា ដំណើរការកាត់ទោសខ្មែរក្រហមនឹងអាចប្រព្រឹត្តទៅដោយឯករាជ អព្យាក្រឹត និងមិនលម្អៀងបានទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទអ.ស.ប.ថា មានចេតនារាំងខ្ទប់ដំណើរកាត់ទោសខ្មែរក្រហមមិនឲ្យចេញរួច ដែលជាល្បិចកល ដើម្បីការពារអតីតមេដឹកនាំខ្មែរក្រហម ហើយថា បើទោះជាអ.ស.ប.ដកខ្លួន ក៏កម្ពុជានឹងនៅតែរៀបចំកាត់ទោសមេដឹកនាំខ្មែរក្រហមដែរ។ ក៏ប៉ុន្តែ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលជាប្រធានក្រុមការងារតុលាការខ្មែរក្រហម បានលើកឡើងថា កម្ពុជានឹងនៅតែបើកទ្វារចំហ ប្រសិនបើអ.ស.ប.វិលមកតុចរចាវិញ។
ជិតមួយឆ្នាំក្រោយមក ក្រោយពីមានការចរចាក្រៅផ្លូវការ ជាពិសេស ការជួបសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកអគ្គលេខាធិការអ.ស.ប.កូហ្វ៊ី អាណាន់ កិច្ចចរចាផ្លូវការក៏បានចាប់បើកឡើងវិញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០០៣។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ការយក អៀង សារី ទៅកាត់ទោស ឬមិនយក គឺត្រូវទុកឲ្យព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញជាអ្នកសម្រេច។
កិច្ចព្រមព្រៀងផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអ.ស.ប.ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៦ មិថុនា ២០០៣។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជូនទៅរដ្ឋសភាកម្ពុជា ដើម្បីផ្តល់សច្ចាប័ន។ ក៏ប៉ុន្តែ ការប្រជុំផ្តល់សច្ចាប័នមិនអាចធ្វើទៅបាន ដោយរដ្ឋសភានីតិកាលទី២ ត្រូវផុតអាណត្តិ។
នៅថ្ងៃទី២៧ កក្កដា ២០០៣ កម្ពុជាបានរៀបចំការបោះឆ្នោតជាតិ។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខគេ តែមិនគ្រប់២ ភាគ៣ ដើម្បីរៀបចំរដ្ឋាភិបាលតែម្នាក់ឯងបាន ធ្វើឲ្យនយោបាយកម្ពុជាត្រូវជាប់គាំងអស់រយៈពេលប្រមាណជិត១ឆ្នាំ។
រហូតដល់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៤ ទើបរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ថ្ងៃទី៥ តុលា ឆ្នាំដដែល រដ្ឋសភាថ្មីបានបើកកិច្ចប្រជុំ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ដែលបានអនុម័ត កាលពីឆ្នាំ២០០១។ នៅក្នុងមាត្រា ៤០ នៃច្បាប់ថ្មីនេះ ចែងថា “វិសាលភាពនៃការលើកលែងទោស ឬអនុគ្រោះទោស ដែលអាចត្រូវបានផ្តល់ឲ្យមុនការអនុម័តច្បាប់នេះ គឺត្រូវសម្រេចដោយអង្គជំនុំជម្រះវិសាមញ្ញ”។ នេះមានន័យថា សហព្រះរាជអាជ្ញា និងសហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញគឺជាអ្នកមានសិទ្ធិសម្រេចថា តើត្រូវនាំ អៀង សារី មកកាត់ទោសដែរ ឬក៏អត់។
ច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញនេះ បានចូលជាធរមាន នៅក្រោយពេលដែល ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើ នៅថ្ងៃទី២៧ ខែតុលា ២០០៤។ ក្រោយពីការចរចាអស់រយៈពេលជិត៥ឆ្នាំ អង្គជំនុំជម្រះវិសាមញ្ញ ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ក៏បានកើតចេញជារូបរាងឡើងជាផ្លូវការ៕
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment