នៅថ្ងៃចន្ទទី២៧មិថុនាឆ្នាំ២០១១ម្សិលមិញ មួយថ្ងៃមុនការធ្វើកូដកម្មទូទៅដ៏ធំធេងមួយនៅប្រទេសក្រិកដែលមានរយៈពេល៤៨ម៉ោង ដើម្បីសម្តែងបង្ហាញឲ្យឃើញនូវការប្រឆាំងទល់នឹងការដំឡើងពន្ធដារ ការធ្វើឯកជនភាវូបនីយកម្មទៅលើសហគ្រាសសំខាន់ៗរបស់រដ្ឋក្រិក លោក Georges Papandréou នាយករដ្ឋមន្ត្រីក្រិកបានខិតខំបញ្ចុះបញ្ចូលសមាជិកសភាដែលធ្លាប់គាំទ្ររដ្ឋាភិបាល ហើយដែលបច្ចុប្បន្ននេះមាន១៥៥អាសនៈលើ៣០០នៅក្នុងសភាក្រិក ឲ្យបោះឆ្នោតគាំទ្រផែនការត្បិតត្បៀតទីពីរ ដើម្បីជួយស្រោចស្រង់ប្រទេសក្រិកឲ្យចៀសផុតពីធនក្ស័យ។
សភាក្រិកត្រូវជួបប្រជុំពិភាក្សាគ្នាពីបញ្ហានេះពីថ្ងៃចន្ទទី២៧ដល់ថ្ងៃព្រហស្បតិ៍ទី៣០មិថុនាឆ្នាំ២០១១នៅក្នុងបរិយាកាសមួយដ៏ពុះកញ្ជ្រោល។ ចរន្តអគ្គិសនីត្រូវគេកាត់ផ្តាច់ ការដឹកជញ្ជូននិងសេវាសាធារណៈជួបនឹងការគាំងស្ទះ។ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនអាកាសចរណ៍ក្រិកឈ្មោះ Olympic Air បានលុបចេញការហោះហើរជាច្រើនរបស់ខ្លួន ក្រោយពីមានការអំពាវនាវឲ្យចូលរួមធ្វើកូដកម្មប្រឆាំងទល់នឹងផែនការត្បិតត្បៀតទីពីរ។
ចំណែកឯរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃបណ្តាប្រទេសក្នុងតំបន់អឺរ៉ូនឹងត្រូវជួបប្រជុំគ្នានៅថ្ងៃទី៣កក្កដាឆ្នាំ២០១១ខាងមុខនេះ ដើម្បីអនុញ្ញាតឲ្យគេផ្តល់ប្រាក់កម្ចីវគ្គទី៥នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅខែឧសភាឆ្នាំ២០១០។ ប្រាក់កម្ចីនេះមានសារៈសំខាន់ណាស់ សម្រាប់យកមកបើកប្រាក់ខែជូនមន្ត្រីរដ្ឋការនិងជូនអ្នកចូលនិវត្តន៍ ហើយនិងយកមកជួយដោះស្រាយបញ្ហាមួយចំនួនដើម្បីជួយរុញច្រានសេដ្ឋកិច្ចក្រិកឲ្យមានដំណើរស្ទុះទៅមុខឡើងវិញ។
គួរកត់សម្គាល់ថា ដោយហេតុតែទីក្រុងព្រុចសែលមានការបារម្ភខ្លាចក្រែងសភាក្រិក ពុំបោះឆ្នោតគាំទ្រផែនការត្បិតត្បៀតទីពីរ ទើបអ្នកទទួលខុសត្រូវអឺរ៉ុបបានរៀបចំឲ្យមានជាស្រេចនូវ ផែនការត្បិតត្បៀតទីពីរ “ស្ទួន” សម្រាប់ជួយបញ្ចៀសកុំឲ្យស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពហិរញ្ញវត្ថុក្រិកជួបនឹងការគាំងស្ទះ។
សូមបញ្ជាក់ថា ផែនការត្បិតត្បៀតទីពីរនេះមានល័ក្ខខ័ណ្ឌតឹងរ៉ឹងជាងផែនការត្បិតត្បៀតទីមួយ ដោយហេតុថាគេកត់សម្គាល់ឃើញមាន ៖
-កម្មវិធីឯកជនភាវូបនីយកម្មដ៏ធំធេងទៅលើសហគ្រាសរបស់រដ្ឋក្រិកសំខាន់ៗដែលតម្រូវឲ្យប្រមូលបានប្រាក់ប្រមាណ៥០ពាន់លានអឺរ៉ូ។
-កាត់បន្ថយប្រាក់សោធននិវត្តន៍។
-កាត់បន្ថយប្រាក់ជំនួយសម្រាប់អ្នកឥតការងារធ្វើ។
-ដំឡើងអត្រាពន្ធលើតម្លៃបន្ថែមពី១៣%ទៅ២៣%។
- ដំឡើងអត្រាពន្ធសាមគ្គីពី១%ទៅ៥%សម្រាប់អ្នកមានប្រាក់ចំណូលលើសពី១២ ០០០អឺរ៉ូ។
ទាំងនេះ រដ្ឋាភិបាលក្រិកសង្ឃឹមថា នឹងអាចប្រមូលបានប្រាក់ចំណូលបន្ថែមទៀតប្រមាណ២៨ពាន់លានអឺរ៉ូចាប់ពីពេលនេះទៅទល់ឆ្នាំ២០១៥៕
Tuesday, June 28, 2011
នាយករដ្ឋមន្ត្រីក្រិកសុំឲ្យសភាបោះឆ្នោតគាំទ្រផែនការត្បិតត្បៀតទីពីរ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment